
កាលបរិច្ឆេទ: ០៩ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren
នៅថ្ងៃទី ៥ ខែកក្កដា ទីក្រុងភ្នំពេញបានរៀបចំសិក្ខាសាលាដ៏សំខាន់មួយក្រោមចំណងជើងថា «ធ្វើឱ្យប្រសើរឡើងនូវការថែទាំជំងឺបេះដូង និងមេតាបូលីសផ្ដោតលើ ការរួមបញ្ចូលគ្នារវាងការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង (CVD) នៅកម្ពុជា» "Advancing Cardiometabolic Care: Integrating Diabetes and Cardiovascular Disease Management in Cambodia." ។ សិក្ខាសាលានេះរៀបចំដោយសហគ្រាសផលិតឱសថ PPM សហការជាមួយក្រុមហ៊ុន Sanofi បានប្រមូលផ្តុំអ្នកជំនាញជាង ១៥០ នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាអំពីបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយៈ ការគ្រប់គ្រងជំងឺមិនឆ្លង (Cardiometabolic) ដែលជាមូលហេតុនៃការស្លាប់ចន្លោះពី ៦០ ទៅ ៦៨% នៅក្នុងប្រទេស ក្នុងនោះ ២៣% ជាការស្លាប់មុនអាយុ។
ក្នុងចំណោមវាគ្មិនមាន ឯកឧត្តមសាស្រ្តចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត សុខ ជួរ ជាទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានសមាគមជំងឺបេះដូងកម្ពុជា លោកសាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែម និងជានាយកមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងលោកវេជ្ជបណ្ឌិត លីវ ឈិញ ឯកទេសជំងឺបេះដូង FCHA និងជាអ្នកពិគ្រោះជំងឺជាន់ខ្ពស់នៃអគ្គនាយកដ្ឋានជំងឺបេះដូង របស់លេខាធិការដ្ឋាននៃសមាគមជំងឺបេះដូងកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ បានសង្កត់ធ្ងន់លើតម្រូវការឱ្យមានការចូលរួមពីគ្រូពេទ្យគ្រប់ពហុជំនាញ។ លោកបានមានប្រសាសន៍ថា «នៅក្នុងយុគសម័យនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា វាជាការចាំបាច់ណាស់ដែលអ្នកជំនាញត្រូវសហការគ្នាដើម្បីផ្តល់ការថែទាំល្អបំផុតដល់អ្នកជំងឺ»។ លោកក៏បានរំលឹកផងដែរថា ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។
ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ វេជ្ជបណ្ឌិត លីវ ឈិញ បានពន្យល់ថា ការសហការរវាងអ្នកជំនាញអាចជួយការពារផលវិបាក និងការស្លាប់មុនអាយុបានយ៉ាងមានប្រសិទ្ធភាព។ គោលបំណងរបស់លោកគឺ «ការពារអ្នកជំងឺកុំឱ្យគាត់រស់ដោយពិបាក ការពារកុំឱ្យគាត់ពិការ និងការពារកុំឱ្យគាត់កើតជំងឺអ្វីផ្សេងទៀត»។
សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត ទូច ឃុន បានបដិសេធនឹងការយល់ច្រលំថា មានតែអ្នកជំងឺទឹកនោមផ្អែមដំណាក់កាលចុងក្រោយទេដែលត្រូវប្រើប្រាស់អាំងសូលីន៖ « មានតែអាំងសូលីនទេដែលបញ្ចុះជាតិស្ករបានល្អជាងគេ ហើយមានប្រសិទ្ធភាព។ ខ្ញុំលើកទឹកចិត្តឱ្យអ្នកជំងឺទឹកនោមផ្អែមប្រើ អាំងសូលីនឱ្យបានឆាប់ជាការប្រសើរ»។
ចំណែកឯ វេជ្ជបណ្ឌិត Vijeta Tiwari ប្រធានផ្នែកអាស៊ីនៃក្រុមហ៊ុន Sanofi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ថ្នាំដែលមានគុណភាពក្នុងតម្លៃសមរម្យ។ លោកស្រីបានធានាថា៖ «យើងចង់បម្រើប្រជាជនដែលងាយរងគ្រោះបំផុត មិនមែនត្រឹមតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ»។
តំណាងឱ្យលោកបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយសហគ្រាសផលិតឱសថប៉េប៉េអឹម លោក តិច ស៊ីម៉ូ ប្រធានគ្រប់គ្រងពាណិជ្ជកម្មប៉េប៉េអឹមនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះភាពរឹងមាំនៃភាពជាដៃគូជាមួយក្រុមហ៊ុន Sanofi ដោយកត់សម្គាល់ថា PPM និង Sanofi មានចក្ខុវិស័យតែមួយក្នុងការចូលរួមផ្តល់នូវឱសថប្រកបដោយគុណភាព និងសុវត្ថិភាព ជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជំងឺគ្រាប់ស្រទាប់វណ្ណៈមានលទ្ធភាពទិញថ្នាំយកទៅព្យាបាលបាន៕